Friday, February 8, 2019

ដំបូន្មាន​សម្រាប់ប្អូនៗ​ដែល​​ត្រៀម​ប្រឡង​បាក់ឌុបថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៩ នេះ!


ថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៩ នេះ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រលងបញ្ចប់ថ្នាក់ទុតិយភូមិ ឬ ហើយហៅថាបាក់ឌុបនេះឯង។ តើប្អូនៗ ត្រៀមហើយឬនៅ?

ឆ្លងតាមបទពិសោធន៍ប្រឡងប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ប្អូនៗប្រាកដជាបានយល់ច្រើនពីរបៀបប្រឡង វិន័យ កម្រិតវិញ្ញាសាដែលចេញប្រឡងមិនខាន ហើយថ្ងៃនេះ Admin សូមចែកម្លែកនូវគន្លឹះក្នុងការប្រឡងឱ្យបាន​លទ្ធផល​ល្អប្រសើរដូចខាងក្រោមនេះ៖


ខាងក្រោមនេះគឺជាគន្លឹះដើម្បីទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុប២០១៩នេះ!

១-កុំមើលរម្លង​សៀវភៅមេរៀន
(សៀវភៅពុម្ពរបស់ក្រសួងអប់រំ) ព្រោះថាមេរៀនដែលចេញប្រលង គឺមិនផុតពីសៀវភៅពុម្ពនេះឡើយ។
*កុំពឹងផ្អែកលើសៀវភៅកំណែពេក៖ (សៀវភៅខ្លះកែសំណួរ ឬ ឆ្លើយសំណួរ មានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ពេលខ្លះឆ្លើយចាកប្រធានក៏មាន) យើងត្រូវពឹងលើគំនិតយើងខ្លះ បន្ថែមបន្ថយខ្លះ ជាជាងចម្លងគំនិតចេញ​ពីកំណែ ១០០ ភាគរយ។

អ្នកអាចរកទិញបន្ថែមនូវ សៀវភៅ រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា កម្រងវិញ្ញសា ប្រលងហើយ ឆមាស បាក់ឌុប ពីឆ្នាំ ២០០២-២០១៧ ឬ ២០១៨ បាននៅទីផ្សារ (នៅបាក់ទូក កន្លែង ហ្វូតូកុពី ផ្លូវកែវចូលសាលាជ័យថាវី)។

*សៀវភៅមេរៀនសង្ខេប លំហាត់គម្រូ (គណិត រូប គីមី ជីវៈ) ដែលរៀបចំដោយក្រសួងអប់រំ ពីព្រោះឆ្នាំមុន (២០១៨) មុខវិជ្ជារូបវិទ្យា លំហាត់ចេញប្រឡងដកស្រង់ពីសៀវភៅនេះ ១០០% តែម្តង មានលំហាត់ខ្លះចេញដូចបេះបិទ ដូចទាំងលេខ ហើយ​លំហាត់ខ្លះគ្រាន់តែ​ដូរលេខប៉ុណ្ណោះ គឺលំនាំប្រធានដូចតែម្តង។


២-ត្រូវ​ចេះ​សរសេរ​យកពិន្ទុ
(សំណួរខ្លះ ដូចជាក្នុងមុខវិជ្ជា ពលរដ្ឋវិជ្ជា បើយើងឆ្លើយធម្មតា សរសេរ ត្រេ “-” ឬសរសេររៀបរាប់បែបកថាខណ្ឌ មិនបានពិន្ទុពេញទេ ផ្ទុយទៅវិញបើយើងចេះរៀបចំជាផ្នែក (category) ហើយចែកផ្នែកនោះជាចំនុច ត្រេ (“-”) តូចៗ ទៀតនោះ យើងនឹងអាចបានពិន្ទុក្បែរពេញ)

ឧទាហរណ៍៖ សំណួរគេសួរថា តើគ្រឿងញៀនអាចធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់ អ្នក គ្រួសារ និង សង្គមជាតិ?
ចឹងយើងត្រូវឆ្លើយ រៀបជាផ្នែក ៖
-ចំពោះខ្លួនយើង (ប៉ះពាល់អ្វីខ្លះ រាប់ឱ្យ​បាន ៥ ត្រេ ឡើង)
-ចំពោះគ្រួសារ (ប៉ះពាល់អ្វីខ្លះ រាប់ឱ្យ​យបាន ៥ ត្រេ ឡើង)
-ចំពោះសង្គមជាតិ (ប៉ះពាល់អ្វីខ្លះ រាប់ឱ្យ​យបាន ៥ ត្រេ ឡើង)  

នោះអ្នកកែ ពិបាកដកពិន្ទុយើងបានណាស់ !

៣-កុំរម្លងវិញ្ញាសាដែលធ្លាប់ចេញរួចហើយ
ដូចជាវិញ្ញាសា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា គណិតវិទ្យា លំហាត់ដែលចេញពេលបាក់ឌុបឆ្នាំមុនៗ គឺត្រូវបានគេដកស្រង់ចេញម្តងទៀត គ្រាន់តែកែលេខ លំនាំប៉ុណ្ណោះ។ អញ្ចឹងយើងត្រូវស្រាវជ្រាវ រៀនធ្វើលំហាត់ដែលធ្លាប់ចេញ រួចហើយឱ្យ​ស្ទាត់នោះយើងនឹងបានទទួលជោគជ័យ មិនខានចំពោះមុខវិជ្ជានោះ។
*លំហាត់ដែលចេញគឺចេញតាមរបៀប លំនាំគ្នា មិនថាមុខវិជ្ជា រូប គីមី គណិត ឡើយ។
ឧទាហរណ៍៖ វិញ្ញាសាគណិតវិទ្យា ដែលជាមុខវិជ្ជាដែលមានពិន្ទុខ្ពស់ជាងគេ គឺរបៀបចេញលំហាត់របស់គេ ជាទូទៅ មាន ៦-៧ លំហាត់។

ជាទូទៅ លំហាត់ទី១ គេចេញ កុំផ្លិច ទី២ ចេញ ប្រូបាប ទី៣ ចេញ អាំងតេក្រាល (គណនា រក A, B, C រួចទាញរក អាំងតេក្រាល I) ទី៤ ចេញ សមីការឌឺផេរ៉ង់ស្យែល ឬ អេលីប ប៉ារ៉ាបូល ទី៥ ចេញ អនុគមន៍ (រកដេរីវ៉េ សមីការបន្ទាត់ប៉ះ) ទី៦ ចេញ លំហាត់ធរណីមាត្រក្នុងលំហ (ផលគុណវិចទ័រ សមីការបន្ទាត់ ស្វ៊ែរ សមីការប្លង់ មាឌតេត្រាអែត) ហើយទី៧ គឺលំហាត់ដែលមានពិន្ទុច្រើនជាងគេ គឺ សិក្សាអនុគមន៍ និង សង់ក្រាប (រកលីមីត ដេរីវេ បរមា អាស៊ីមតូត សង់តារាងអត្ថេភាព សង់ក្រាប..)




៤-ត្រូវដឹងខ្លួនឱ្យច្បាស់ថា ខណនេះ (កៀកថ្ងៃប្រលងហើយ) តើសមត្ថភាពយើងបានប៉ុណ្ណា? ត្រូវត្រៀមអ្វីខ្លះ?
ក្រឡេកមើលវិញ្ញាសាគណិតវិទ្យា​ (បាក់ឌុបឆ្នាំ២០១៨) តើយើងអាចធ្វើបានប៉ុន្មានភាគរយ? បើធ្វើបានតែ ៧០ភាគរយ ចុះ៣០ភាគរយទៀតត្រូវធ្វើយ៉ាងម៉េច?

ឧទាហរណ៍ថា លំហាត់ប្រូបាប យើងអត់ច្បាស់ទេ ចឹងត្រូវពង្រឹងលំហាត់នេះឱ្យ​បានច្រើនតាមទៅអាចធ្វើបាន តាមពេលវេលាដែលយើងនៅសស់។ អូ! លំហាត់ ទី១ កុំផ្លិចខ្ញុំអត់ចេះទេ! ចឹងយ៉ាងហើយណាស់ត្រូវមានរូបមន្ត ឬរបៀបធ្វើលំហាត់នេះ យកវាមកមើល ពីរបៀបធ្វើ លំនាំធ្វើ បើយើងអនុវត្តបានច្រើនដងទៅលើលំហាត់ ប្រភេទនេះ នោះយើងនឹងលែងបារម្មណ៍ថាខ្លាចលំហាត់នេះហើយ។

ប្រការដែលត្រូវត្រៀម គឺសុខភាព ឱ្យ​បានល្អ រឹងមាំ (ហាមដាច់ខាតដល់ថ្ងៃប្រលងស្អែក យប់នេះនៅដល់ម៉ោង ២-៣ ភ្លឺ-យប់ជ្រៅពេក ធ្វើឲ្យបាក់កំលាំង ពេលប្រលងងុយដេក) ។ ត្រូវរៀបចំឯកសារ ឱ្យ​រៀបរយ តើថ្ងៃប្រលងត្រូវមានអ្វីខ្លះ (មិនមែនរៀបចំប្រយ៉ុងទេឬ?)


៥-ពេលកំពុងប្រឡង
ឧទាហរណ៍ដូចប្រធានឆ្នាំ២០១៨៖ ត្រូវធ្វើលំហាត់ណាដែលចេះមុន មិនបាច់តាមលំដាប់ឡើយ។ ពិនិត្យឱ្យ​ច្បាស់ ដូចលំហាត់ទី ៦ បើរក លីមីត ខុស រកអាស៊ីមតូតក៏ខុសដែរ ។ ហើយចំនុចគណនាដេរីវេ បើគណនាដេរីវេខុស ចំនុចសំណួរខាងក្រោមទៀត នឹងខុសតាម ដូចច្នោះប្រភេទលំហាត់អញ្ចឹង ត្រូវការផ្ទៀងផ្ទាត់ ២-៣ ដង ថាយើងគណនាត្រូវឬនៅ?



៦-ការគ្រប់គ្រងពេលវេលា
ចាំបាច់ត្រូវមាននាឡិកាដៃ (មិនមែននាឡិកាអេឡិចត្រូនិច) ពាក់នៅពេលប្រលង ព្រោះយើងដឹងម៉ោងថា នៅម៉ោងប៉ុន្មានទៀត យើងធ្វើបានប៉ុណ្ណាហើយ? កុំឱ្យ​ចេះតែធ្វើ លំហាត់​ចេះទាំងអស់ តែធ្វើចុះធ្វើឡើង ជួង ១៥នាទីបាត់ នៅលំហាត់ទី ៦ អត់ទាន់បានធ្វើ។ ពេលនោះអារម្មណ៍ ប្រាកដជា ពិបាកគ្រប់គ្រង ភ័យ ញ័រ សរសេរលេងកើត ចឹងត្រូវលៃពេលវេលា បើថានៅ ១៥នាទីចុងក្រោយ លំហាត់ ត្រូវសរសេរ កាត់ខ្លះ មិនចាំបាច់ក្បោះក្បាយទេ កុំឱ្យ​ខាតពិន្ទុដោយមិនបានធ្វើគ្រប់ជ្រុងជ្រោយ។

នេះគ្រាន់តែជាការ​ចែក​រម្លែក​គំនិត និងបទពិសោធន៍របស់ខ្ញុំកន្លងមកប៉ុណ្ណោះ សង្ឃឹមថាវាអាចជួយអ្នករាល់គ្នាបានខ្លះ។ ជូនពរជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា!