Friday, March 16, 2018

តិចនិចរៀន​សម្រាប់​ប្អូនៗ​សិស្សថ្នាក់ទី១២ថ្មី




ដោយប្អូនស្រី លឹម សៀវម៉ី (សិស្សឆ្នើម​និទ្ទេស A)


ត្បិតតែខ្ញុំទទួលបាននិទ្ទេស A លំដាប់ទាបជាងគេក្តី ដោយសារការធ្វេសប្រហែសខ្លះៗក្នុងការប្រលង តែខ្ញុំនៅតែពេញចិត្តជាខ្លាំងចំពោះលទ្ធផលដែលខ្ញុំទទួលបាន ព្រោះវាលើសពីការរំពឹងទុករបស់ខ្ញុំ។
ខ្ញុំជឿជាក់បទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់រយ:មួយឆ្នាំមកនេះ អាចជួយអ្នកទី១២ជំនាន់ក្រោយៗបាន ព្រោះថាខ្ញុំក៏ជាសិស្សមួយរូបដែលខ្ជីខ្ជាពេលកាលទី១០ ១១ដែរមិនមានគ្រឹះមាំអីទេ។


#ទី១: កត្តាគ្រូបង្រៀន ប្អូនគួរតែជ្រើសយកការរៀនគួរ មិនចាំបាច់ដល់តែគួរពិសេស រៀនជាមួយគ្រូល្បី សាលាល្បីអីទេ សំខាន់ប្អូនត្រូវជ្រើសយកគ្រូដែលប្អូនរៀនទៅយល់ ប្អូនពេញចិត្ត(ដាក់ចូលៗម៉ង) ជាគ្រូដែលប្អូនទុកចិត្តថាអាចដឹកដៃប្អូនឈានទៅរកភាពជោគជ័យបា។
បើសិនជាអាច ប្អូនគួរជ្រើសយកសាលាគួរជ័យថាវី ព្រោះទីនោះ បណ្តុំទៅដោយគ្រូល្អៗ សិស្សពូកែៗជាច្រើន ភាគច្រើនសុទ្ធតែអ្នកខំរៀន មជ្ឈដ្ឋានទីនោះធ្វើឲ្យស្គាល់គ្រប់រសជាតិ ស្គាល់សង្គមកាន់តែច្បាស់ តែត្រូវស៊ូតិចហើយ ព្រោះមានសិស្សច្រើន ប្រឈមមុខនឹងការអត់កន្លែងអង្គុយជារឿយៗ តែបើប្អូនស៊ូបាន ប្អូននឹងខ្លាំង។


#ទី២: គឺកត្តាខ្លួនឯង ត្រូវព្យាយាមយល់ ហើយខំចាំរាល់បាតុភូត និងគន្លឹះក្នុងមេរៀនទាំងអស់ ត្រូវរំលឹកមេរៀនជាប្រចាំ ធ្វើលំហាត់មេរៀននីមួយៗឲ្យបានច្រើន នោះប្អូននឹងចាប់នបានអត្ថន័យមួយៗកាន់តែស៊ីជម្រៅ។ បើមិនច្បាស់ត្រូវហ៊ានសួរភ្លាមៗ កុំទុកក្នុងចិត្ត ព្រោះកាលណាចម្ងល់កាន់តែច្រើន ធ្វើឲ្យអ្នកកាន់តែវ៉ល់នឹងមេរៀនតែម្តង។

#ទី៣: ចំពោះមុខវិជ្ជាមេរៀន ដូចជាប្រវត្តិ ជីវ: និងគីមី ត្រូវតែរំលឹកឡើងវិញរាល់សប្តាហ៍។ ចំពោះគីមី វាជាមុខវិជ្ជាដ៏ពិបាកសម្រាប់ខ្ញុំកាលពីដើមឆ្នាំឡើង ខ្ញុំប្រលងធ្លាក់រាល់ខែ ពេលខ្លះបានតែ20/75 ដូច្នេះហើយ ប្អូនត្រូវព្យាយាមអានមេរៀន ធ្វើលំហាត់រៀនគួរឡើងវិញ ម្តងហើយម្តងទៀត រហូតដល់ប្អូនលែងមានចម្ងល់ យល់គ្រប់បាតុភូត និយាយទៅមិត្តភក្តិសួរអីក៏អត់ដែលទាក់ទេ។
ចំពោះមុខវិជ្ជាប្រវត្តិ ប្អូនត្រូវអាន ត្រូវស្តាប់គ្រូនិយាយរឿងប្រវត្តិខ្មែរឲ្យបានច្រើន ហើយត្រូវទន្ទេញសំណួរចម្លើយណាសំខាន់ៗ រីឯជីវ:ត្រូវរំលឹកឡើងវិញរាល់ព្រឹក អានឲ្យយល់ហើយ ត្រូវខំចាំរបៀបឆ្លើយទៀត។

#ទី៤: សៀវភៅ ប្អូន​គួរទៅបណ្ណាគារបាក់ទូក (ក្បែរសាលាជ័យថាវី) រកទិញសៀវភៅគន្លឹះមករៀនធ្វើ ដូចជា កុំផ្លិច លីមីត ដេរីវេ អាំតេក្រាល អនុគមន៍(ខ្សែកោង) ឌីផេរ៉ង់ស្យែល ប្រូបាប សំណួរ-ចម្លើយជីវ:(របស់អ្នកគ្រូជាគឹមអៀង)..... បើធ្វើៗជួបបញ្ហា ឬមើលមិនយល់ noteទុក រំលងសិន ទុកសួរគ្រូនៅសាលា យល់របៀបធ្វើហើយចាំបកមកធ្វើវាវិញ ហើយធ្វើមួយណាដែលយើងយល់ៗសិន ព្យាយាមកុំត្អូញត្អែរ ដំបូងវាលំបាកចឹងហើយ អញ្ចឹងម៉េចបានគេហៅថាស្វ័យសិក្សា???
យូរៗទៅប្អូននឹងស៊ាំ ព្រោះចំណុចខ្លះគ្រូអត់បានលើកយកមកបង្រៀនទេ ចឹងយើងត្រូវស្វែងយល់ខ្លួនឯង។ គ្រូគ្រាន់តែជាអ្នកបង្ហើបគន្លឹះ យើងជាអ្នកអនុវត្ត ទោះប្អូនបានយល់ច្បាស់ពីចំណុចហ្នឹងក្តី បើរៀនហើយមិនអនុវត្តប្រៀបដូចជាមិនបានរៀន។

មួយទៀត ត្រូវចាំកុំកំណាញ់ចំណេះដឹង ត្រូវជួយមិត្តខ្សោយៗផង នៅពេលដែលប្អូនព្យាយាមពន្យល់ ចំណុចណាដល់មិត្ត នោះប្អូននឹងកាន់តែយល់ច្បាស់ពីវា។ កុំគិតថាខ្លួនឯងជាសិស្សខ្សោយ មិនមានសមត្ថភាពបង្រៀនគេ ឲ្យតែប្អូនបានយល់បានស្គាល់ពីវា មានន័យថាប្អូនខ្លាំងជាងគេត្រង់ចំណុចនោះ ប្អូនអាចធ្វើជាគ្រូពន្យល់គេបានមួយគ្រាបាន សប្បាយចិត្តក្នុងការផ្ទេរចំណេះដឹងដល់មិត្ត។

#ទី៥:ក្នុងពេលរៀន: នៅពេលដែលប្រទះតិចនិចថ្មីៗ រឺលំហាត់-សំណួរប្លែក(ពិបាក) ប្អូនត្រូវគូសផ្កាយរឺសញ្ញាសំគាល់ត្រង់ចំណុចទាំងនោះ ដែលអាចឲ្យប្អូនងាយ ក្នុងការរំលឹក មេរៀនមុនប្រលងម្តងៗ ស្កេនមើលតែចំណុចផ្កាយៗបានហើយ ចំណេញពេលវេលា។

#ទី៦: ការរៀបចំកាលវិភាគរៀន:បុគ្គលម្នាក់ៗមានរបៀបរៀនខុសៗគ្នា អ្នកខ្លះលៃម៉ោងធ្វើលំហាត់ ១ម៉ោង១មុខរាល់ថ្ងៃ ហើយរំលឹកមេរៀនមុនចូលគេង រឺពេលក្រោកពីដំណេក(មើលពេលណាឆាប់ចូលមើលពេលហ្នឹង)។ សម្រាប់ខ្ញុំគឺខុសគេ កាលដើមឆ្នាំ ដោយសារមានពេលរៀនគ្រប់គ្រាន់ ខ្ញុំរៀនជាសប្តាហ៍ មួយសប្តាហ៍គណិត(មួយអាទិត្យខ្ញុំអាចបញ្ចប់សៀវភៅគន្លឹះ១ក្បាល) មួយសប្តាហ៍គីមីវិទ្យា មួយសប្តាហ៍រូបវិទ្យា និងមួយសប្តាហ៍ជីវ:វិទ្យា(ទន្ទេញសំណួរ-ចម្លើយ)។ ខ្ញុំអនុវត្តបែបនេះ កាលមុនឆមាសទី១។

ក្រោយឆមាសទី១ ពេលវេលាសល់តិចណាស់ ចឹងត្រូវប្តូររបៀបរៀន។ ខ្ញុំគេងមួយថ្ងៃ៦ម៉ោង(១០យប់-៤ភ្លឺ) ចៀសវាងការរៀនដាច់យប់ ព្រោះការគេងអត់គ្រប់ធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ និងឆ្លៀតធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃ ព្រោះលំហាត់ប្រាណជួយបង្កើនសមត្ថភាពខួរក្បាល(គិតរហ័ស) កាត់បន្ថយស្ត្រេស និងគេងស្កប់ស្រួល។

ព្យាយាមរៀនគិតលេខដៃ ចៀសវាងការប្រើប្រាស់ម៉ាស៊ីនគិតលេខ(+ - ... ) ព្រោះវាក៏ជាវិធីហ្វឺកហាត់ខួរក្បាល។ បរិភោគអាហារឲ្យទៀងពេល គ្រប់៣ពេល ត្រូវការពារបញ្ហាឈឺក្រពះ។ ត្រូវទុកពេលឲ្យខួរក្បាលសម្រាកពេលមានអារម្មណ៍ថាក្តៅខួរ យល់ល្អរៀន១ម៉ោង សម្រាក៥នាទី ធ្វើអ្វីដែលសប្បាយៗ ហើយចាំរៀនទៀត។ កុំដាក់សម្ពាធលើខ្លួនឯង កុំខ្វល់ពាក្យសម្តីអ្នកដទៃ ត្រូវចាំ រៀនដើម្បីចំណេះ មិនមែនដើម្បីពិន្ទុទេ។ កុំរំពឹងទុក តែត្រូវជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួន។


#ម៉ោងរៀន:
-ខ្ញុំចំណាយពេលពីម៉ោង៤-៦(ព្រឹក)ទន្ទេញជីវ:រៀងរាល់ព្រឹក
-ម៉ោង៧-១១: រៀននៅសាលា ដាក់សៀវភៅតាមខ្លួន ឆ្លៀតរៀនពេលទំនេរៗ
-ម៉ោង ១១-១៣: ម៉ោងបាយ១០នាទី សល់ពេលប៉ុន្មានអាចទន្ទេញប្រវត្តិ រឺធ្វើលំហាត់កិច្ចការសាលា ធ្វើឲ្យបានមុនគ្រូកែ បើមួយណាមិនចេះ noteទុក ចាំមើលរបៀបគ្រូកែ
-ម៉ោង ១-៥: រៀនគួរនៅសាលា
-ម៉ោង ៦-១០: រៀនធ្វើលំហាត់ថ្មីៗ លំហាត់គន្លឹះ ចៀសវាងការច្របល់ចូលគ្នា យល់ល្អ មួយថ្ងៃរៀនតែ១មុខ ឬ២ថ្ងៃ១មុខបានហើយ នោះប្អូននឹងមិនវង្វេង រញ៉េរញ៉ៃ។


ជូនពរសំណាងល្អគ្រប់ៗគ្នា សង្ឃឹមថាគន្លឹះទាំងអស់នេះ អាចជួយប្អូនៗបាន។