Thursday, May 2, 2019

សិស្សពូកែ​លេខ១ប្រចាំខេត្តកណ្តាល​ បង្ហេីបល្បិចពិសេស​ប្រឡងសិស្សពូកែថ្នាក់ជាតិឆ្នាំនេះ



១. មុនពេលចេញដំណើរទៅប្រឡង
- រៀបចំកាលវិភាគយ៉ាងច្បាស់លាស់មួយសម្រាប់ទន្ទេញមេរៀនបន្ថែមឲ្យបានច្រើន
- ស្វែងរកឯកសារនានា ដែលទាក់ទងទៅនឹងមុខវិជ្ជាអក្សរសាស្រ្តខ្មែរ និងវប្បធម៌ទូទៅ ពីលោកគ្រូ​ អ្នកគ្រូ សិស្សច្បង ឬតាមប្រព័ន្ធអុីនធឺណេត ដើម្បីបង្កើនចំណេះដឹងថែមទៀត
- រៀបចំឯកសណ្ឋានសិស្ស​ សម្លៀកបំពាក់ និងសម្ភារៈផ្សេងៗទៀត
- ជាពិសេសនោះ គឺថែរក្សាសុខភាពឲ្យបានល្អ ពីព្រោះសុខភាពជាកត្តាសំខាន់បំផុតនៅក្នុងសមរភូមិប្រឡង។


២. រយៈពេល៣ថ្ងៃនៃការប្រឡង 
- ចំពោះការគេង : គឺត្រូវគេងឲ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងការងងុយគេងនៅពេលប្រឡង
- ចំពោះការញ៉ាំ គឺត្រូវញ៉ាំ​អាហារណាដែលមានគុណភាពល្អ ជៀសវាងអាហារផ្អាប់ ឬជូរផ្អូម
- ត្រូវរំលឹកមេរៀនត្រួសៗ​បន្ថែមទៀត​ ដើម្បីបង្កើនការចងចាំ
- មុនចេញដំណេីរទៅមណ្ឌលប្រឡងត្រូវពិនិត្យ​ និងរៀបចំ​ ប៊ិច បន្ទាត់ ខ្មៅដៃ កាតសិស្ស ឲ្យបានហ្មត់ចត់។
​ជាចុងក្រោយ នាងខ្ញុំ ចង់ឲ្យបងប្អូនទាំងអស់ដែលជាបេក្ខជនប្រឡងសិស្សពូកែនៅឆ្នាំនេះ
-មានការតាំងចិត្ត​ និងប្តេជ្ញាចិត្តឲ្យបានមុតមាំ
-កុំភ័យខ្លាចនៅក្នុងការប្រឡង
-មើលប្រធានឲ្យបានច្បាស់លាស់មុននឹងសរសេរកិច្ចការ

ម្យ៉ាងទៀត នាងខ្ញុំក៏សូមជូនពរបងប្អូន ឲ្យទទួលជោគជ័យសម្រាប់ការប្រឡងសិស្សពូកែទូទាំងប្រទេសនាថ្ងៃខាងមុខនេះ។
ហើយនាងខ្ញុំក៏សង្ឃឹមថា បងប្អូននឹងក្លាយខ្លួនជា 'កូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ នៅក្នុងសង្គម '។

ចែករំលែកដោយ​ ប្អូនស្រី​ ភ័ក្ត្រ​ សុដាវីត​ ​អតីតសិស្សពូកែអក្សរសិល្ប៍ខ្មែរ​ លេខ១ប្រចាំខេត្តកណ្ដាល​ និងលេខ៤​ នៅទូទាំងប្រទេស​ឆ្នាំ២០១៨ មកពីអនុវិទ្យាល័យព្រះសីហនុរាជ។

សូមបញ្ជាក់ផងដែរថា​ កាលពីថ្នាក់ទី៩ប្អូនស្រីក៏ជាសិស្សឆ្នេីម​ ក្នុងសម័យប្រឡងមធ្យមសិក្សាបឋមភូមិផងដែរ។

គន្លឹះដើម្បីទទួលបានលទ្ធផលល្អ​សម្រាប់ការ​ប្រឡងបាក់ឌុប​​​​ឆ្នាំ​២០១៩ នេះ


ការប្រឡងបាក់ឌុបឆ្នាំ​២០១៩ ខិតជិតមកដល់ហើយ! តើប្អូនៗថ្នាក់ទី១២ ដែលត្រូវប្រឡងត្រូវរៀបចំខ្លួនដូចម្តេចខ្លះ?
#គន្លឹះដើម្បីទទួលបានលទ្ធផលល្អសម្រាប់ការប្រឡងបាក់ឌុប
១. ប្រមូលវិញ្ញាសាប្រឡងឆ្នាំមុនៗ (យ៉ាងតិចពីឆ្នាំ​២០១៤ ដល់ឆ្នាំ​២០១៨) គ្រប់មុខវិជ្ជា ពិសេសមុខវិជ្ជាគិតលេខ
២. អង្គុយស្រង់មេរៀនដែលធ្លាប់ចេញប្រឡង (កុំផ្លិច លីមីត អាំងតេក្រាល...) រួចរៀនធ្វើលំហាត់ទាំងនោះឱ្យអស់​តាមប្រភេទ​មេរៀន (ឧ.លំហាត់កុំផ្លិចឆ្នាំ ២០១៤ ២០១៥...២០១៨ ចេញស្រដៀងៗ លំនាំៗគ្នា រៀនធ្វើឱ្យអស់!)
៣. ចែកម៉ោងរៀនធ្វើលំហាត់ ឬមើលមេរៀន(ស្វ័យសិក្សា) ឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យអស់លំហាត់ ឬមេរៀន មុនថ្ងៃប្រឡងមកដល់ (ធ្វើតារាងកាលវិភាគរៀនប្រចាំថ្ងៃ)
៤. ពេលរៀនហាមដាក់ទូរសព្ទ័ជិតខ្លួន (បិទសម្លេង បិទ Notification បិទ internet...) ប្រហែលពិបាកធ្វើ តែបើធ្វើបាន វានឹងមិនធ្វើឱ្យខាត ពេលវេលា​រៀន​ ឬរំខានការរៀនរបស់យើងបាន
៥. នៅសល់ពេលប្រហែលជិត ៤ខែទៀត(រាប់ពីខែឧសភាទៅ) អញ្ចឹងអ្នកត្រូវលៃយ៉ាងម៉េចក៏ដោយ(យុទ្ធសាស្រ្តខ្លួនឯង) គឺត្រូវធ្វើឱ្យការរៀន​ខាងលើ​នេះទទួលបានប្រសិទ្ធភាព គុណភាព សម្រាប់ការត្រៀមប្រឡង​នេះ​(Ready for Exam)
៦.​ ថែរក្សាសុខភាពឱ្យបានល្អ (ញ៉ាំគ្រប់គ្រាន់ ញ៉ាំអាហារមានសារធាតុចិញ្ចឹមរាងកាយ សម្រាកគ្រប់គ្រាន់ លំហែកម្សាន្ត លំហាត់ប្រាណ ...)

វិទ្យាល័យមេសាង ខេត្តព្រៃវែង ប្រមូលផ្តុំដោយសិស្សពូកែ​រូបវិទ្យាទូទាំងប្រទេសដោយសារមានគ្រូពូកែ

នៅពីក្រោយភាពជោគជ័យដណ្តើមបានមេដាយប្រាក់ និងមាសច្រើនឆ្នាំកន្លងមកផ្នែករូបវិទ្យា គឺដាយសារលោកគ្រូម្នាក់នេះ គាត់បានធ្វើឲ្យស្រុកមេសាង ខេត្តព្រៃវែងល្បីល្បាញ!


ខាងក្រោមនេះគឺជាលទ្ធផលជ័យលាភីសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា​ដែលសិស្សវិទ្យាល័យមេសាង ខេត្តព្រៃវែងទទួលបាន៖
ឆ្នាំ2015៖
-ប្អូនស្រី ថា ស្រីនី មេដាយមាសរូបវិទ្យាទី9
-ប្អូនប្រុស ហុន នួន មេដាយប្រាក់រូបវិទ្យាទី9
-ប្អូនប្រុស សុភួន តារា ជាប់លេខ6 រូបវិទ្យា​ទូទាំង​ប្រទេស​ទី9

ឆ្នាំ2016៖
-ប្អូនស្រី កុច តុលា ជាប់លេខ7 រូបវិទ្យា​ទូទាំង​ប្រទេសទី9
ឆ្នាំ2017៖
-ប្អូនប្រុស គង់ បញ្ញា ជាប់លេខ8 រូបវិទ្យា​ទូទាំងប្រទេស​ទី9
ឆ្នាំ2018៖
-ប្អូនស្រី ភីនី លីហ័រ មេដាយប្រាក់​រូបវិទ្យា​ទី9
-ប្អូនស្រី ថា ស្រីនីត ជាប់លេខ5 រូបវិទ្យា​ទូទាំងប្រទេសទី9
-ប្អូនស្រី ថា ស្រីនី មេដាយមាសរូបវិទ្យាទី12 (មេដាយមាស2ជំនាន់)​
-ប្អូនប្រុស ហាក់ វណ្ណា មេដាយប្រាក់​រូបវិទ្យា​ទី12
ឆ្នាំ2019៖
-ប្អូនប្រុស មន់ សីម៉ា មេដាយមាស​រូបវិទ្យា​ទី9
-ប្អូនស្រី កុច តុលា មេដាយមាស​រូបវិទ្យាទី12 (ជាប់លេខ7 ឆ្នាំ2016)​

Wednesday, April 24, 2019

បួនឆ្នាំហើយ​ដែល​​វិញ្ញាសា​សិស្សពូកែទូទាំងប្រទេសមុខវិជ្ជាគណិតវិទ្យា​ថ្នាក់ទី១២ ដកចេញពីសៀវភៅចិនដដែលៗ

 ថ្ងៃនេះ(ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៩) ជាថ្ងៃចុងក្រោយនៃការប្រឡងសិស្សពូកែទូទាំងប្រទេស​សម័យប្រឡង ថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៩ ដែលខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះ។

ឆ្លងកាត់តាមការប្រឡងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា​វិញ្ញាសាសិស្សពូកែលើមុខវិជ្ជា​គណិតវិទ្យា​ថ្នាក់ទិ១២ ចាប់តាំងពីឆ្នាំ​២០១៦ មកដល់​ឆ្នាំ​២០១៩ នេះគឺវិញ្ញាសាត្រូវបានដកចេញពីសៀវភៅដដែលៗ បួនឆ្នាំជាប់គ្នា ដែលសៀវភៅ​នោះមាន​ចំណងជើងថា Mathematical Olympiad in China ដែលជាសៀវភៅដែលសិស្សពូកែទូទាំងប្រទេសមាននៅក្នុងដៃ។


Admin ធ្លាប់សរសេរប្រយោគនេះនៅឆ្នាំ ២០១៧ ដែលមានខ្លឹមសារថា "ពីរឆ្នាំហើយដែលក្រសួងចេញវិញ្ញាសាសិស្សពូកែ ទូទាំងប្រទេសគណិតទី១២ ពីសៀវភៅដដែល អញ្ចឹងសម្រាប់សិស្សដែលត្រៀមប្រឡងសិស្សពូកែទូទាំងប្រទេស​ត្រូវតែមាន​សៀវភៅនេះជាចាំបាច់ "។

ហើយនៅឆ្នាំ​២០១៨ ក៏បានសរសេរប្រយោគថា " បីឆ្នាំហើយដែលក្រសួងដកស្រង់លំហាត់ចេញពីសៀវភៅនេះ សម្រាប់ការប្រឡង​​​សិស្សពូកែ​​ទូទាំងប្រទេស (គណិតទី១២) ២០១៦-២០១៧-២០១៨ ចេញនេះ​​មិនមែនចេញតែវិញ្ញាសាទី១ទេ គឺចេញទាំងវិញ្ញាសាទី១ និងវិញ្ញាសាទី២! សរុប​ទៅលំហាត់ប្រហែល ៧០% ទៅហើយ ដែលដកចេញពីសៀវភៅនេះ! "។

ចំណែកឆ្នាំ​២០១៩ នេះក៏បានសរសរបន្ថែមប្រយោគថា " មិនមែន៣ឆ្នាំ គឺចេញ៤ឆ្នាំជាប់គ្នា! (២០១៦-២០១៩)
សម្រាប់​វិញ្ញាសា​ទី២ គណិតវិទ្យាទី១២ នឹង​ចេញពីសៀវភៅ​នេះដដែល! អ្នកដែលមានសៀវភៅនេះនៅក្នុងដៃ សូមមើលរម្លឹកឡើងវិញឱ្យអស់ ពិសេស​លំហាត់​ដែលមើលទៅទំនងអាចនឹងចេញ(លំហាត់ចេញឆ្នាំមុនៗមិនចេញដដែលទៀតទេ) ឈ្នះចាញ់ ជាប់ឬធ្លាក់គឺអាច​ខុសគ្នាតែ១ពិន្ទុ​ប៉ុណ្ណេាះ! អញ្ចឹងសូមសរសេរឱ្យបានផ្ចិតផ្ចង់សរសេរឱ្យបានល្អ! "។


តើក្រសួងមានបានឃើញពីមតិរិះគន់លើការចេញវិញ្ញាសានេះ៣ឆ្នាំ​កន្លងមកទេ? ហេតុអ្វីក៏នៅតែចេញវិញ្ញាសាពីសៀវភៅដដែលៗ ដែលសិស្សគ្រប់រូបមាននៅក្នុងដៃអញ្ចឹង? ធ្វើដូចម្តេចទើបសិស្សពូកែមានការរីកចម្រើនបន្ថែមទៀត?

តើឆ្នាំ​ក្រោយ (ឆ្នាំ២០២០) នឹងចេញពីសៀវភៅនេះដដែលទៀតឬ?

Monday, February 11, 2019

សំណួរ​លើវិញ្ញាសា​ពន្ធដារ ប្រឡងថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩



ការ​ប្រឡងជ្រើសរើស​បេក្ខជន ចូល​បម្រើការងារនៅ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុត្រូវបានបញ្ចប់ការប្រឡង​ហើយ​ គឺកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ នៅមណ្ឌល​ប្រឡង​សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP) កន្លងថ្មីៗនេះ។

បេក្ខជនប្រឡងមានអ្នកសប្បាយចិត្ត និងមានអ្នកមិនសប្បាយចិត្ត​ចំពោះការធ្វើសំណែរប្រឡងរបស់ពួកគេ តើវិញ្ញាសាដែល​ចេញនោះ​មាន​ការពិបាក ឬក៏ស្រួល?

ថ្ងៃនេះក្រុមការងារសូមលើកយកវិញ្ញាសាពន្ធដារដែលចេញប្រឡងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៩ មកជូនអ្នកទាំងអស់គ្នាឱ្យបាន​ដឹង ហើយស្វែងយល់ទាំងអស់គ្នា។

ខាងក្រោមនេះគឺជាវិញ្ញាសាពន្ធដារ ដែលក្រុមការងារទទួលបានពីបេក្ខជនប្រឡង ហើយអត្ថន័យអាចមានការខុសគ្នាបន្តិចបន្តួចពីន័យដើម ព្រោះយើងចម្លងតាមការចងចាំរបស់បេក្ខជនប៉ុណ្ណោះ ហើយសង្ឃឹមថា​អ្នកទាំងអស់គ្នាយល់ ហើយអាច Comment ជួយកែតម្រូវនូវចំណុច​ខ្វះខាត ឬខុសផង។

ជូនពរឱ្យ​ទទួលជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា!

Friday, February 8, 2019

ដំបូន្មាន​សម្រាប់ប្អូនៗ​ដែល​​ត្រៀម​ប្រឡង​បាក់ឌុបថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៩ នេះ!


ថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៩ នេះ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រលងបញ្ចប់ថ្នាក់ទុតិយភូមិ ឬ ហើយហៅថាបាក់ឌុបនេះឯង។ តើប្អូនៗ ត្រៀមហើយឬនៅ?

ឆ្លងតាមបទពិសោធន៍ប្រឡងប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ប្អូនៗប្រាកដជាបានយល់ច្រើនពីរបៀបប្រឡង វិន័យ កម្រិតវិញ្ញាសាដែលចេញប្រឡងមិនខាន ហើយថ្ងៃនេះ Admin សូមចែកម្លែកនូវគន្លឹះក្នុងការប្រឡងឱ្យបាន​លទ្ធផល​ល្អប្រសើរដូចខាងក្រោមនេះ៖


ខាងក្រោមនេះគឺជាគន្លឹះដើម្បីទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុប២០១៩នេះ!

១-កុំមើលរម្លង​សៀវភៅមេរៀន
(សៀវភៅពុម្ពរបស់ក្រសួងអប់រំ) ព្រោះថាមេរៀនដែលចេញប្រលង គឺមិនផុតពីសៀវភៅពុម្ពនេះឡើយ។
*កុំពឹងផ្អែកលើសៀវភៅកំណែពេក៖ (សៀវភៅខ្លះកែសំណួរ ឬ ឆ្លើយសំណួរ មានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ពេលខ្លះឆ្លើយចាកប្រធានក៏មាន) យើងត្រូវពឹងលើគំនិតយើងខ្លះ បន្ថែមបន្ថយខ្លះ ជាជាងចម្លងគំនិតចេញ​ពីកំណែ ១០០ ភាគរយ។

អ្នកអាចរកទិញបន្ថែមនូវ សៀវភៅ រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា កម្រងវិញ្ញសា ប្រលងហើយ ឆមាស បាក់ឌុប ពីឆ្នាំ ២០០២-២០១៧ ឬ ២០១៨ បាននៅទីផ្សារ (នៅបាក់ទូក កន្លែង ហ្វូតូកុពី ផ្លូវកែវចូលសាលាជ័យថាវី)។

*សៀវភៅមេរៀនសង្ខេប លំហាត់គម្រូ (គណិត រូប គីមី ជីវៈ) ដែលរៀបចំដោយក្រសួងអប់រំ ពីព្រោះឆ្នាំមុន (២០១៨) មុខវិជ្ជារូបវិទ្យា លំហាត់ចេញប្រឡងដកស្រង់ពីសៀវភៅនេះ ១០០% តែម្តង មានលំហាត់ខ្លះចេញដូចបេះបិទ ដូចទាំងលេខ ហើយ​លំហាត់ខ្លះគ្រាន់តែ​ដូរលេខប៉ុណ្ណោះ គឺលំនាំប្រធានដូចតែម្តង។


២-ត្រូវ​ចេះ​សរសេរ​យកពិន្ទុ
(សំណួរខ្លះ ដូចជាក្នុងមុខវិជ្ជា ពលរដ្ឋវិជ្ជា បើយើងឆ្លើយធម្មតា សរសេរ ត្រេ “-” ឬសរសេររៀបរាប់បែបកថាខណ្ឌ មិនបានពិន្ទុពេញទេ ផ្ទុយទៅវិញបើយើងចេះរៀបចំជាផ្នែក (category) ហើយចែកផ្នែកនោះជាចំនុច ត្រេ (“-”) តូចៗ ទៀតនោះ យើងនឹងអាចបានពិន្ទុក្បែរពេញ)

ឧទាហរណ៍៖ សំណួរគេសួរថា តើគ្រឿងញៀនអាចធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់ អ្នក គ្រួសារ និង សង្គមជាតិ?
ចឹងយើងត្រូវឆ្លើយ រៀបជាផ្នែក ៖
-ចំពោះខ្លួនយើង (ប៉ះពាល់អ្វីខ្លះ រាប់ឱ្យ​បាន ៥ ត្រេ ឡើង)
-ចំពោះគ្រួសារ (ប៉ះពាល់អ្វីខ្លះ រាប់ឱ្យ​យបាន ៥ ត្រេ ឡើង)
-ចំពោះសង្គមជាតិ (ប៉ះពាល់អ្វីខ្លះ រាប់ឱ្យ​យបាន ៥ ត្រេ ឡើង)  

នោះអ្នកកែ ពិបាកដកពិន្ទុយើងបានណាស់ !

៣-កុំរម្លងវិញ្ញាសាដែលធ្លាប់ចេញរួចហើយ
ដូចជាវិញ្ញាសា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា គណិតវិទ្យា លំហាត់ដែលចេញពេលបាក់ឌុបឆ្នាំមុនៗ គឺត្រូវបានគេដកស្រង់ចេញម្តងទៀត គ្រាន់តែកែលេខ លំនាំប៉ុណ្ណោះ។ អញ្ចឹងយើងត្រូវស្រាវជ្រាវ រៀនធ្វើលំហាត់ដែលធ្លាប់ចេញ រួចហើយឱ្យ​ស្ទាត់នោះយើងនឹងបានទទួលជោគជ័យ មិនខានចំពោះមុខវិជ្ជានោះ។
*លំហាត់ដែលចេញគឺចេញតាមរបៀប លំនាំគ្នា មិនថាមុខវិជ្ជា រូប គីមី គណិត ឡើយ។
ឧទាហរណ៍៖ វិញ្ញាសាគណិតវិទ្យា ដែលជាមុខវិជ្ជាដែលមានពិន្ទុខ្ពស់ជាងគេ គឺរបៀបចេញលំហាត់របស់គេ ជាទូទៅ មាន ៦-៧ លំហាត់។

ជាទូទៅ លំហាត់ទី១ គេចេញ កុំផ្លិច ទី២ ចេញ ប្រូបាប ទី៣ ចេញ អាំងតេក្រាល (គណនា រក A, B, C រួចទាញរក អាំងតេក្រាល I) ទី៤ ចេញ សមីការឌឺផេរ៉ង់ស្យែល ឬ អេលីប ប៉ារ៉ាបូល ទី៥ ចេញ អនុគមន៍ (រកដេរីវ៉េ សមីការបន្ទាត់ប៉ះ) ទី៦ ចេញ លំហាត់ធរណីមាត្រក្នុងលំហ (ផលគុណវិចទ័រ សមីការបន្ទាត់ ស្វ៊ែរ សមីការប្លង់ មាឌតេត្រាអែត) ហើយទី៧ គឺលំហាត់ដែលមានពិន្ទុច្រើនជាងគេ គឺ សិក្សាអនុគមន៍ និង សង់ក្រាប (រកលីមីត ដេរីវេ បរមា អាស៊ីមតូត សង់តារាងអត្ថេភាព សង់ក្រាប..)




៤-ត្រូវដឹងខ្លួនឱ្យច្បាស់ថា ខណនេះ (កៀកថ្ងៃប្រលងហើយ) តើសមត្ថភាពយើងបានប៉ុណ្ណា? ត្រូវត្រៀមអ្វីខ្លះ?
ក្រឡេកមើលវិញ្ញាសាគណិតវិទ្យា​ (បាក់ឌុបឆ្នាំ២០១៨) តើយើងអាចធ្វើបានប៉ុន្មានភាគរយ? បើធ្វើបានតែ ៧០ភាគរយ ចុះ៣០ភាគរយទៀតត្រូវធ្វើយ៉ាងម៉េច?

ឧទាហរណ៍ថា លំហាត់ប្រូបាប យើងអត់ច្បាស់ទេ ចឹងត្រូវពង្រឹងលំហាត់នេះឱ្យ​បានច្រើនតាមទៅអាចធ្វើបាន តាមពេលវេលាដែលយើងនៅសស់។ អូ! លំហាត់ ទី១ កុំផ្លិចខ្ញុំអត់ចេះទេ! ចឹងយ៉ាងហើយណាស់ត្រូវមានរូបមន្ត ឬរបៀបធ្វើលំហាត់នេះ យកវាមកមើល ពីរបៀបធ្វើ លំនាំធ្វើ បើយើងអនុវត្តបានច្រើនដងទៅលើលំហាត់ ប្រភេទនេះ នោះយើងនឹងលែងបារម្មណ៍ថាខ្លាចលំហាត់នេះហើយ។

ប្រការដែលត្រូវត្រៀម គឺសុខភាព ឱ្យ​បានល្អ រឹងមាំ (ហាមដាច់ខាតដល់ថ្ងៃប្រលងស្អែក យប់នេះនៅដល់ម៉ោង ២-៣ ភ្លឺ-យប់ជ្រៅពេក ធ្វើឲ្យបាក់កំលាំង ពេលប្រលងងុយដេក) ។ ត្រូវរៀបចំឯកសារ ឱ្យ​រៀបរយ តើថ្ងៃប្រលងត្រូវមានអ្វីខ្លះ (មិនមែនរៀបចំប្រយ៉ុងទេឬ?)


៥-ពេលកំពុងប្រឡង
ឧទាហរណ៍ដូចប្រធានឆ្នាំ២០១៨៖ ត្រូវធ្វើលំហាត់ណាដែលចេះមុន មិនបាច់តាមលំដាប់ឡើយ។ ពិនិត្យឱ្យ​ច្បាស់ ដូចលំហាត់ទី ៦ បើរក លីមីត ខុស រកអាស៊ីមតូតក៏ខុសដែរ ។ ហើយចំនុចគណនាដេរីវេ បើគណនាដេរីវេខុស ចំនុចសំណួរខាងក្រោមទៀត នឹងខុសតាម ដូចច្នោះប្រភេទលំហាត់អញ្ចឹង ត្រូវការផ្ទៀងផ្ទាត់ ២-៣ ដង ថាយើងគណនាត្រូវឬនៅ?



៦-ការគ្រប់គ្រងពេលវេលា
ចាំបាច់ត្រូវមាននាឡិកាដៃ (មិនមែននាឡិកាអេឡិចត្រូនិច) ពាក់នៅពេលប្រលង ព្រោះយើងដឹងម៉ោងថា នៅម៉ោងប៉ុន្មានទៀត យើងធ្វើបានប៉ុណ្ណាហើយ? កុំឱ្យ​ចេះតែធ្វើ លំហាត់​ចេះទាំងអស់ តែធ្វើចុះធ្វើឡើង ជួង ១៥នាទីបាត់ នៅលំហាត់ទី ៦ អត់ទាន់បានធ្វើ។ ពេលនោះអារម្មណ៍ ប្រាកដជា ពិបាកគ្រប់គ្រង ភ័យ ញ័រ សរសេរលេងកើត ចឹងត្រូវលៃពេលវេលា បើថានៅ ១៥នាទីចុងក្រោយ លំហាត់ ត្រូវសរសេរ កាត់ខ្លះ មិនចាំបាច់ក្បោះក្បាយទេ កុំឱ្យ​ខាតពិន្ទុដោយមិនបានធ្វើគ្រប់ជ្រុងជ្រោយ។

នេះគ្រាន់តែជាការ​ចែក​រម្លែក​គំនិត និងបទពិសោធន៍របស់ខ្ញុំកន្លងមកប៉ុណ្ណោះ សង្ឃឹមថាវាអាចជួយអ្នករាល់គ្នាបានខ្លះ។ ជូនពរជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា!

Friday, January 25, 2019

តើ​ត្រូវ​ត្រៀមអ្វីខ្លះ​សម្រាប់ការ​ប្រឡង​ចូល​ពន្ធដារ​នាថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ?

ការ​ប្រឡងជ្រើសរើស​បេក្ខជន ចូល​បម្រើការងារនៅ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុត្រូវបាន​ប្រកាស​ថ្ងៃប្រឡង​ហើយ​ គឺនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ នៅមណ្ឌល​ប្រឡង​សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP)។
វិញ្ញាសាសម្រាប់ការប្រឡងនេះគឺមានដូចជា៖
  • វិញ្ញាសា ​ពន្ធដារ
  • វិញ្ញាសា ​គណនេយ្យ
  • វិញ្ញាសា សេដ្ឋកិច្ច ហិរញ្ញវត្ថុ
  • និង វិញ្ញាសា ភាសាអង់គ្លេស


តើ​ត្រូវ​ត្រៀមអ្វីខ្លះ​សម្រាប់ការ​ប្រឡង​ចូល​ពន្ធដារ​នាថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ?
វិញ្ញាសា ពន្ធដារ៖
-ត្រូវមើលមេរៀនប្រភេទពន្ធទាំងអស់ដែលមាន (អាចរកមើលលើវិបសាយពន្ធដារ ពីប្រភេទពន្ធនានា)
-និយមន័យទាក់ទងនឹងពន្ធដារ (ប្រព័ន្ធពន្ធដារ រំលស់...)
-ទាក់ទងនឹងសកម្មភាពពន្ធដារ ការប្រមូលពន្ធ យុទ្ធសាស្រ្ត​ប្រមូលពន្ធឱ្យមាន​ប្រសិទ្ធភាព...

វិញ្ញាសា គណនេយ្យ៖
-ត្រូវមើលមេរៀន​ គណនេយ្យទូទៅ និយមន័យនានាដែលប្រើក្នុងគណនេយ្យ (ឧទាហរណ៍៖ អ្វីជារបាយការណ៍ហិរញ្ញវត្ថុ? វាមានប្រយោជន៍អ្វី?...)
-ចំពោះលំហាត់ (ជាទូទៅចេញពីរលំហាត់) មើលមេរៀនស្តុក រំលស់ វិធីរំលស់ FIFO LIFO

វិញ្ញាសា សេដ្ឋកិច្ច ហិរញ្ញវត្ថុ៖
-មើលមេរៀនទាក់ទងនឹង សេដ្ឋកិច្ចទូទៅ សេដ្ឋកិច្ចជាតិ អតិផរណា ចំណូលរដ្ឋ ចំណូលតាមប្រភពណាខ្លះ វិបត្តិសេដ្ឋកិច្ច វិបត្តិហិរញ្ញវត្ថុ ជាដើម
-យុទ្ធសាស្រ្ត​ទាក់ទងនឹង កំណើនសេដ្ឋកិច្ច
-យុទ្ធសាស្រ្ត​ចតុកោណថ្មី អភិបាលកិច្ចល្អ
 
វិញ្ញាសា អង់គ្លេស៖
-មើលលើវេយ្យាករណ៍ទូទៅ
-របៀប​លំហាត់ TOEFL QCM
-បកប្រែអត្ថបទពីភាសារខ្មែរ មកអង់គ្លេស (ចេញរាល់ឆ្នាំ)

ជូនពរជោគជ័យក្នុងការប្រឡង!