Wednesday, March 14, 2018

វិធីរៀនគណិតវិទ្យាឲ្យពូកែ ដោយ​លោកគ្រូវិចិត្រ



ក្រុមសិស្សពូកែគណិតវិទ្យាកម្ពុជា ទៅចូលរួមប្រឡងនៅបរទេស

ខាងក្រោមនេះគឺជាគន្លឹះ ដែលផ្តល់ដំបូន្មានដោយលោកគ្រូ វិចិត្រ (អតីតសិស្សពូកែគណិតវិទ្យាទូទាំងប្រទេស)


១) ប្រមូលឯកសារអោយបានច្រើន ៖ ទិញសៀវភៅចាស់ថ្មីដែលបោះពុម្ពលក់ដោយគ្រូខ្មែរយើង។ ដោះស្រាយអោយអស់។ ប្រមូលឯកសារបរទេសតាមអ៊ីនធ័រនេតមានច្រើនណាស់រឺ មិនអញ្ចឹងទេ ទិញសៀវភៅគណិតវិទ្យាយួនមកសិក្សាក៏បានបើសិនជាប្អូនអាចអានបាន។


២) រៀនខ្លួនឯង ៖ រៀនពីគ្រូ វាម្យ៉ាងហើយ តែមិនប្រាកដថាទៅរៀនគួរច្រើនម៉ោងពូកែជាងរៀនខ្លួនឯងនោះទេ។ រៀនច្រើនគ្រូប្អូនអាចជួបលំហាត់ប្លែកៗតែលំហាត់ទាំងនោះគ្មានមកពីណាក្រៅពីសៀវភៅ ដែលប្អូនគ្មាននោះទេ ដូច្នេះបើចំនុចទី ១) ប្អូនធ្វើបានហើយកំរណាស់ ដែល លំហាត់គ្រូដាក់មកហើយប្អូនមិនដែលឃើញ។ ចំនុចមិនល្អដែលរៀនច្រើនគ្រូនោះ គឺប្អូនគ្មានពេលសិក្សាដោយខ្លួនឯងអស់កំលាំងខ្សោយប្រាជ្ញា។

៣) លំហាត់ពិបាក ៖ លំហាត់ខ្លះពិបាកមែន ឃើញភ្លាមមិនដឹងជាដោះស្រាយយ៉ាងណានោះទេសូម្បីតែអានចំលើយក៏មិនយល់ដែរ។ ចំពោះបញ្ហានេះសូមប្អូនអានចំលើយសិន។ បន្ទាប់មកទុកវាចោលប្រហែលមួយសប្តាហ៍ ក្នុងអំលុងពេលនេះ ដោះស្រាយលំហាត់ផ្សេងទៀត។រួចហើយ ត្រលប់មកដោះស្រាយលំហាត់នេះវិញ។ លើកនេះ តាមបទពិសោធរបស់ខ្ញុំលំហាត់នេះមិនលំបាកដូចមុនទៀតទេ ស្រួលយល់។ ចូរកត់ចំនាំវិធីសាស្ត្រក្នុងការដោះស្រាយតែមិនមែនទន្ទេញចំលើយនោះទេ។ សាកល្បងរហូតទាល់តែប្អូនអាចដោះស្រាយវាចេញដោយមិនបាច់អានចំលើយ។

៤) សរសេរ ៖ ប្រើប៊ិច និងក្រដាសដោះស្រាយលំហាត់។ មិនត្រូវយកសៀវភៅមកហើយអានចំលើយអានយល់ ហើយគិតថាខ្លូនចេះទេ។ បើយើងធ្វើបែបនេះ ទោះអានបានរាប់ពាន់លំហាត់ ក៏គ្មានទទួលបានបទពិសោធអ្វីស្រួចស្រាល់ដែរ។ សរសេរដំនោះស្រាយលំហាត់ដោយខ្លួនឯង សឹមអានចំលើយ។ បើដោះស្រាយមិនចេញអានចំលើយរួច ហើយបិទចំលើយទុក រួចសរសេរដំនោះស្រាយឡើងវិញ។
សៀវភៅដែលចងក្រងដោយលោកគ្រូ វិចិត្រ សម្រាប់សិស្សពូកែ

៥) គ្មានអ្វីដែលខ្លួនមិនអាចនោះទេ ៖ មិនត្រូវមានគំនិតថា លំហាត់សៀវភៅយួនពិបាកមិនសមនឹងសមត្ថភាពខ្លួន កំរិតនេះពិបាក កំរិតនោះពិបាកនោះទេ។ ត្រូវគិតថា ងាយទេ ទោះបីការពិត យើងដោះស្រាយមិនចេញក៏ដោយ។ ត្រូវមានអារម្មណ៍មើលងាយលំហាត់នេះ រួចដោះស្រាយវាអោយចេញ។ រឺដោះស្រាយមិនចេញក៏ដោយ ក៏ត្រូវតែមើលងាយវាថា ងាយស្រួលដែរ។ ការមើលងាយនេះ គឺជួយកុំអោយយើងសុញប្រាជ្ញា។ តែមិនមែនមើលងាយហើយទុកចោលនោះទេ។ ហើយការមើលងាយនេះ ត្រូវរក្សាតែនៅក្នុងចិត្តខ្លួនប៉ុណ្ណោះ មិនមែនទៅដើរនិយាយអួតគេឯងថា ងាយៗ នោះទេ។

៦) វេលាសមស្រប ៖ ជាទូទៅ សំរាប់ខ្ញុំ ពេលព្រឹកបន្ទាប់ពីភ្ញាក់ពីដេកភ្លាម ខ្ញុំអានមេរៀនឆាប់យល់ជាងពេលផ្សេងទៀត។ លំហាត់ពិបាកក៏ដោះស្រាយនៅពេលព្រឹកឆាប់ចេញដែរ។ រៀនពេលព្រឹកចាំបានយូរ ។ ពេលព្រឹកនេះមិនមែនរហូតដល់ម៉ោង ៣ ម៉ោង ៤ ភ្លឺ នោះទេ មិនត្រូវព្រឹកពេកទេ ព្រោះអាចបាក់កំលាំង។ ត្រឹមម៉ោង ៥ កន្លះអី ជាការគ្រប់គ្រាន់ហើយ។

៧) កុំខ្ជិល ៖ បើសិនជាប្អូនចេញដំនើរដោយដោះស្រាយលំហាត់មិនចេញ សូមកុំបាក់ទឹកចិត្ត។ ខ្វែងលំហាត់ដោះស្រាយមិនចេញនោះទុកសិន ដោះស្រាយអាផ្សេង។ ចាំថ្ងៃក្រោយមកសងសឹកវិញ ព្រោះបើនៅសុញនឹងលំហាត់មួយនេះ នឹងខាតពេលឥតប្រយោជន៍។ ការព្យាយាមសំខាន់ណាស់។

៨) កុំខ្លាចនឹងសួរគ្រូ ៖ បើប្អូនមានលំហាត់ណាដោះស្រាយមិនចេញ ចូររំខានគ្រូរបស់ប្អូន យកទៅសួរគាត់ ក្រែងលោគាត់មានវិធីសាស្ត្រល្អណាមួយ។ កុំខ្លាចចិត្តគាត់អី។