Tuesday, December 4, 2018

ពិតដែរទេដែលគេនិយាយថា​បើគ្មានខ្សែ គ្មានលុយ​ប្រឡងចូលក្របខណ្ឌរដ្ឋមិនជាប់ទេ?



ជារៀងរាល់ឆ្នាំក្រសួងនានា បានប្រកាសជ្រើសមន្ត្រីរាជការតាមក្រសួងសាម៉ីមិនដែលខាននោះឡើយ គ្រាន់តែក្រសួងខ្លះប្រកាសជ្រើសរើសតិច ក្រសួងខ្លះប្រកាសជ្រើសរើសច្រើនប៉ុណ្ណោះ។

ការប្រកាសជ្រើសរើសមន្រ្តីរាជការតាមក្រសួងនីមួយៗ គឺត្រូវឆ្លងកាត់ការប្រឡងធ្វើតេស្ត​សមត្ថភាព​តាមជំនាញ​នានា​ពាក់ព័ន្ធនឹងក្រសួងទាំងនោះ ដើម្បីជ្រើសរើសមន្ត្រីរាជការដែលមានសមត្ថភាពបំពេញការងារដែលត្រូវនឹងជំនាញរបស់ខ្លួន។

ពីមួយឆ្នាំទៅមួយឆ្នាំបេក្ខជនដាក់ពាក្យប្រឡងតាមក្រសួងនានា គឺមានការកើនឡើងជាលំដាប់ក៏ព្រោះតែបច្ចុប្បន្ននេះប្រាក់ខែមន្ត្រីរាជការ​មានការ​កើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងមន្រ្តីរាជការក្របខណ្ឌ "ក" ដែលមានបរិញ្ញាបត្រឡើងទៅ ទទួលបានប្រាក់បៀវត្ស​ប្រហែលជាងមួយលាន​រៀល​ផងដែរ ដែលប្រាក់ខែនេះគឺប្រហាក់ប្រហែលនឹងប្រាក់ខែក្រុមហ៊ុនឯកជនផងដែរ តែអ្វីដែលសំខាន់គឺយើងទទួលបានក្របខណ្ឌរដ្ឋ ដែលនឹងមានបៀវត្ស​រហូត​ដល់យើងចូលនិវត្តន៍(ប្រាក់រឺត្រែត)​។

បើទោះជាមានការប្រឡងត្រឹមត្រូវ រកអ្នកមានសមត្ថភាពយ៉ាងណាក៏ដោយ ក៏នៅមានមតិពីមជ្ឈដ្ឋាននានា​លើកឡើងថា "បើគ្មានខ្សែ គ្មានលុយសូក គឺមិនអាចប្រឡងចូលក្របខណ្ឌរដ្ឋជាប់ឡើយ" តើការលើកឡើងនេះត្រឹមត្រូវដែរឬទេ?


បើក្រឡេកមើលពីអតីតកាលខ្ញុំក៏ធ្លាប់ជួប ធ្លាប់ឮពីការលើកឡើងខាងលើដែរ ហើយខ្ញុំក៏ធ្លាប់ចូលរួមប្រឡងក្របខណ្ឌរដ្ឋរបស់ក្រសួងមួយ(ប្រឡង​លើកដំបូងបំផុត កំឡុងឆ្នាំ​២០១១) ហើយការរៀបចំប្រឡងនៅពេលនោះហាក់ដូចជាបាយឡុកបាយឡមែន គឺបេក្ខជនប្រឡងចូលបន្ទប់​ដោយ​គ្មានអនុរក្សពិនិត្យមើលមុខ មើលរូបថតសោះ គឺហៅឈ្មោះចូលតែម្តង ហើយការប្រឡងពេលនោះគឺអាចសួរគ្នាបាន មើលគ្នាបានដោយអនុរក្ស​ពុំសូវយកចិត្តទុកដាក់ឡើយ។

ពេលនោះដែរ ខ្ញុំមានមិត្តភក្តិម្នាក់ដែលគាត់មានបងប្រុសធ្វើការនៅក្រសួងនោះ គាត់ព្រមទាំងបងប្អូនបង្កើតរបស់គាត់ម្នាក់ទៀតបានប្រឡងជាប់ នៅពេលនោះ​ (គាត់លួចប្រាប់ខ្ញុំថាបងគាត់ជាអ្នកជួយទើបគាត់...) ចំណែកខ្ញុំគឺដឹងខ្លួនថាពិតជាធ្លាក់តាំងពីប្រឡងចប់មកម្ល៉េះ​ព្រោះដំណើរការ ប្រឡង​ហាក់ដូចជាមិនសុក្រឹតសោះឡើយ គឺប្រឡងបង្រ្គប់កិច្ចប៉ុណ្ណោះ។

ឆ្លងកាត់តាមបទពិសោធន៍នេះមក ឆ្នាំក្រោយៗមកទៀត​ខ្ញុំក៏ឈប់ដាក់ពាក្យប្រឡងចូលក្របខណ្ឌរដ្ឋរហូត​ព្រោះខ្ញុំគិតឃើញដូចគ្រប់គ្នា​ដែល​បាន​លើកឡើងខាងលើអញ្ចឹងដែរ គឺប្រឡងមិនជាប់ឡើយបើគ្មានខ្សែ ឬគ្មានលុយ។

រហូតមកដល់ឆ្នាំ​២០១៤ ខ្ញុំសង្កេតឃើញក្រសួងមួយ(សុំលាក់ឈ្មោះ) ប្រកាសជ្រើសរើសមន្ត្រីរាជការ ដោយមានការចូលរួមអង្កេតការណ៍​ពី​ស្ថាប័ន​អង្គភាព​ប្រឆាំងអំពើពុករលួយ ខ្ញុំក៏គិតឡើងវិញថាលើកនេះទំនងដែរ សាកដាក់ពាក្យប្រឡងម្តងទៀតល៍មើល។


មែនលើកនេះ​នីតិវិធីដាក់ពាក្យប្រឡងគឺមានភាពទាន់សម័យទំនើប ដោយមានការដាក់ពាក្យដោយមិនអស់ប្រាក់ (Free) មានការស្កេនម្រាមដៃ និងថតរូបបេក្ខជនប្រឡង ដែលជាសញ្ញាបង្ហាញថាការប្រឡងនេះគឺមានការយកចិត្តទុកដាក់ខ្ពស់ជាងក្រសួងនានាដែលខ្ញុំធ្លាប់ជួបកន្លងមក។​

ចាប់ពីពេលដាក់ពាក្យរហូតដល់ពេលប្រឡង គឺដំណើរការយ៉ាងល្អ ព្រោះបេក្ខជនត្រូវស្កេនម្រាមដៃទើបអាចចូលប្រឡងបាន ហើយមួយវិញទៀត​នៅតាមតុបេក្ខជនប្រឡងនីមួយៗគឺមានបិទលេខតុ ឈ្មោះ និងរូបថតបេក្ខជនស្រាប់តែម្តង ព្រមទាំងមានមន្ត្រីអង្គភាព​ប្រឆាំងអំពើពុករលួយអង្គុយក្នុងបន្ទប់ជាមួយបេក្ខជនប្រឡងផងដែរ។ ការប្រឡងគឺមានសភាពស្ងាត់ល្អ គ្មាន​ភាពមិនប្រក្រតីណា​កើតឡើងឡើយ គឺដំណើរការ​ដោយរលូន។

ក្រោយប្រឡងចប់ បេក្ខជនទាំងអស់ព្រមទាំងខ្ញុំផងត្រូវរងចាំការប្រកាសលទ្ធផលដោយអន្ទះសារ ជាលទ្ធផលខ្ញុំប្រឡងជាប់មែន ចំណែកឯមិត្តភក្តិខ្ញុំ ៥នាក់ទៀត(រៀនថ្នាក់ជាមួយគ្នានៅសកល) ក៏ពួកគាត់ប្រឡងជាប់ដែរ ហើយខ្ញុំក៏ស្គាល់គេ ច្រើននាក់ទៀត ដែលជាសិស្សឆ្នើមៗ ក៏បានប្រឡងជាប់ជាច្រើននាក់ទៀតក្នុងពេលនោះ។

លើកនេះបង្ហាញឱ្យខ្ញុំដឹងថា ការប្រឡងរបស់ក្រសួងនេះ​គឺជ្រើសរើសអ្នកមានសមត្ថភាពពិតប្រាកដមែន ខុសពីការប្រឡងពីមុនច្រើន ដែលវាបានកែប្រែផ្នត់គំនិតរបស់ខ្ញុំដែលធ្លាប់គិតអវិជ្ជមានពីមុនមក។


ជាចុងក្រោយខ្ញុំសូមជូនយោបល់បន្ថែមសម្រាប់អ្នកចង់ប្រឡងចូលក្របខណ្ឌរដ្ឋ៖
  • សូមដាក់ពាក្យប្រឡងតាមក្រសួងដែលខ្លួនចង់ធ្វើ ដោយខិតខំស្រាវជ្រាវឯកសារប្រឡងឆ្នាំមុនៗយកមកមើល និងរៀនត្រៀមឱ្យបានល្អ
  • ប្រឹងប្រែងបង្កើនសមត្ថភាពខ្លួនឱ្យខ្លាំងឡើងដើម្បីត្រៀមខ្លួនប្រឡង 
  • សាកសួរ ឬសុំយោបល់ពីអ្នកដែលធ្លាប់ប្រឡងក្រសួងជាប់ តើត្រូវត្រៀមអ្វីខ្លះ ធ្វើអ្វីខ្លះដើម្បីប្រឡងជាប់
  • កុំគិតថាមានលុយ មានខ្សែបានប្រឡងជាប់ សំខាន់យើងត្រូវមានសមត្ថភាព
  • ដាក់ពាក្យប្រឡងឱ្យបានច្រើនក្រសួង(លើសពីបីក្រសួង) ជាប់មួយណាយកមួយណឹង ឬបើជាប់ច្រើនក្រសួងក្នុងពេលតែមួយ​ធ្វើការសម្រេចចិត្តខ្លួនឯងថាយកក្រសួងមួយណា
  • តាមដានការប្រកាសជ្រើសរើសមន្ត្រីរាជការរបស់ក្រសួងនានាឱ្យបានល្ អ(គេប្រកាសនៅពេលណា ប្រឡងនៅខែណា...)
ជូនពរឱ្យការប្រឡងចូលក្របខណ្ឌរដ្ឋតាមបណ្តាក្រសួងនានាដែលខ្លួនស្រឡាញ់​ទទួលបានជោគជ័យគ្រប់ៗគ្នា! (ពីមន្រ្តីរាជការម្នាក់)