Showing posts with label ក្របខណ្ឌ. Show all posts
Showing posts with label ក្របខណ្ឌ. Show all posts

Monday, February 11, 2019

សំណួរ​លើវិញ្ញាសា​ពន្ធដារ ប្រឡងថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩



ការ​ប្រឡងជ្រើសរើស​បេក្ខជន ចូល​បម្រើការងារនៅ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុត្រូវបានបញ្ចប់ការប្រឡង​ហើយ​ គឺកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ នៅមណ្ឌល​ប្រឡង​សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP) កន្លងថ្មីៗនេះ។

បេក្ខជនប្រឡងមានអ្នកសប្បាយចិត្ត និងមានអ្នកមិនសប្បាយចិត្ត​ចំពោះការធ្វើសំណែរប្រឡងរបស់ពួកគេ តើវិញ្ញាសាដែល​ចេញនោះ​មាន​ការពិបាក ឬក៏ស្រួល?

ថ្ងៃនេះក្រុមការងារសូមលើកយកវិញ្ញាសាពន្ធដារដែលចេញប្រឡងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៩ មកជូនអ្នកទាំងអស់គ្នាឱ្យបាន​ដឹង ហើយស្វែងយល់ទាំងអស់គ្នា។

ខាងក្រោមនេះគឺជាវិញ្ញាសាពន្ធដារ ដែលក្រុមការងារទទួលបានពីបេក្ខជនប្រឡង ហើយអត្ថន័យអាចមានការខុសគ្នាបន្តិចបន្តួចពីន័យដើម ព្រោះយើងចម្លងតាមការចងចាំរបស់បេក្ខជនប៉ុណ្ណោះ ហើយសង្ឃឹមថា​អ្នកទាំងអស់គ្នាយល់ ហើយអាច Comment ជួយកែតម្រូវនូវចំណុច​ខ្វះខាត ឬខុសផង។

ជូនពរឱ្យ​ទទួលជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា!

Friday, January 25, 2019

តើ​ត្រូវ​ត្រៀមអ្វីខ្លះ​សម្រាប់ការ​ប្រឡង​ចូល​ពន្ធដារ​នាថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ?

ការ​ប្រឡងជ្រើសរើស​បេក្ខជន ចូល​បម្រើការងារនៅ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុត្រូវបាន​ប្រកាស​ថ្ងៃប្រឡង​ហើយ​ គឺនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ នៅមណ្ឌល​ប្រឡង​សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP)។
វិញ្ញាសាសម្រាប់ការប្រឡងនេះគឺមានដូចជា៖
  • វិញ្ញាសា ​ពន្ធដារ
  • វិញ្ញាសា ​គណនេយ្យ
  • វិញ្ញាសា សេដ្ឋកិច្ច ហិរញ្ញវត្ថុ
  • និង វិញ្ញាសា ភាសាអង់គ្លេស


តើ​ត្រូវ​ត្រៀមអ្វីខ្លះ​សម្រាប់ការ​ប្រឡង​ចូល​ពន្ធដារ​នាថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ?
វិញ្ញាសា ពន្ធដារ៖
-ត្រូវមើលមេរៀនប្រភេទពន្ធទាំងអស់ដែលមាន (អាចរកមើលលើវិបសាយពន្ធដារ ពីប្រភេទពន្ធនានា)
-និយមន័យទាក់ទងនឹងពន្ធដារ (ប្រព័ន្ធពន្ធដារ រំលស់...)
-ទាក់ទងនឹងសកម្មភាពពន្ធដារ ការប្រមូលពន្ធ យុទ្ធសាស្រ្ត​ប្រមូលពន្ធឱ្យមាន​ប្រសិទ្ធភាព...

វិញ្ញាសា គណនេយ្យ៖
-ត្រូវមើលមេរៀន​ គណនេយ្យទូទៅ និយមន័យនានាដែលប្រើក្នុងគណនេយ្យ (ឧទាហរណ៍៖ អ្វីជារបាយការណ៍ហិរញ្ញវត្ថុ? វាមានប្រយោជន៍អ្វី?...)
-ចំពោះលំហាត់ (ជាទូទៅចេញពីរលំហាត់) មើលមេរៀនស្តុក រំលស់ វិធីរំលស់ FIFO LIFO

វិញ្ញាសា សេដ្ឋកិច្ច ហិរញ្ញវត្ថុ៖
-មើលមេរៀនទាក់ទងនឹង សេដ្ឋកិច្ចទូទៅ សេដ្ឋកិច្ចជាតិ អតិផរណា ចំណូលរដ្ឋ ចំណូលតាមប្រភពណាខ្លះ វិបត្តិសេដ្ឋកិច្ច វិបត្តិហិរញ្ញវត្ថុ ជាដើម
-យុទ្ធសាស្រ្ត​ទាក់ទងនឹង កំណើនសេដ្ឋកិច្ច
-យុទ្ធសាស្រ្ត​ចតុកោណថ្មី អភិបាលកិច្ចល្អ
 
វិញ្ញាសា អង់គ្លេស៖
-មើលលើវេយ្យាករណ៍ទូទៅ
-របៀប​លំហាត់ TOEFL QCM
-បកប្រែអត្ថបទពីភាសារខ្មែរ មកអង់គ្លេស (ចេញរាល់ឆ្នាំ)

ជូនពរជោគជ័យក្នុងការប្រឡង!

 

Tuesday, December 4, 2018

ពិតដែរទេដែលគេនិយាយថា​បើគ្មានខ្សែ គ្មានលុយ​ប្រឡងចូលក្របខណ្ឌរដ្ឋមិនជាប់ទេ?



ជារៀងរាល់ឆ្នាំក្រសួងនានា បានប្រកាសជ្រើសមន្ត្រីរាជការតាមក្រសួងសាម៉ីមិនដែលខាននោះឡើយ គ្រាន់តែក្រសួងខ្លះប្រកាសជ្រើសរើសតិច ក្រសួងខ្លះប្រកាសជ្រើសរើសច្រើនប៉ុណ្ណោះ។

ការប្រកាសជ្រើសរើសមន្រ្តីរាជការតាមក្រសួងនីមួយៗ គឺត្រូវឆ្លងកាត់ការប្រឡងធ្វើតេស្ត​សមត្ថភាព​តាមជំនាញ​នានា​ពាក់ព័ន្ធនឹងក្រសួងទាំងនោះ ដើម្បីជ្រើសរើសមន្ត្រីរាជការដែលមានសមត្ថភាពបំពេញការងារដែលត្រូវនឹងជំនាញរបស់ខ្លួន។

ពីមួយឆ្នាំទៅមួយឆ្នាំបេក្ខជនដាក់ពាក្យប្រឡងតាមក្រសួងនានា គឺមានការកើនឡើងជាលំដាប់ក៏ព្រោះតែបច្ចុប្បន្ននេះប្រាក់ខែមន្ត្រីរាជការ​មានការ​កើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងមន្រ្តីរាជការក្របខណ្ឌ "ក" ដែលមានបរិញ្ញាបត្រឡើងទៅ ទទួលបានប្រាក់បៀវត្ស​ប្រហែលជាងមួយលាន​រៀល​ផងដែរ ដែលប្រាក់ខែនេះគឺប្រហាក់ប្រហែលនឹងប្រាក់ខែក្រុមហ៊ុនឯកជនផងដែរ តែអ្វីដែលសំខាន់គឺយើងទទួលបានក្របខណ្ឌរដ្ឋ ដែលនឹងមានបៀវត្ស​រហូត​ដល់យើងចូលនិវត្តន៍(ប្រាក់រឺត្រែត)​។

បើទោះជាមានការប្រឡងត្រឹមត្រូវ រកអ្នកមានសមត្ថភាពយ៉ាងណាក៏ដោយ ក៏នៅមានមតិពីមជ្ឈដ្ឋាននានា​លើកឡើងថា "បើគ្មានខ្សែ គ្មានលុយសូក គឺមិនអាចប្រឡងចូលក្របខណ្ឌរដ្ឋជាប់ឡើយ" តើការលើកឡើងនេះត្រឹមត្រូវដែរឬទេ?


បើក្រឡេកមើលពីអតីតកាលខ្ញុំក៏ធ្លាប់ជួប ធ្លាប់ឮពីការលើកឡើងខាងលើដែរ ហើយខ្ញុំក៏ធ្លាប់ចូលរួមប្រឡងក្របខណ្ឌរដ្ឋរបស់ក្រសួងមួយ(ប្រឡង​លើកដំបូងបំផុត កំឡុងឆ្នាំ​២០១១) ហើយការរៀបចំប្រឡងនៅពេលនោះហាក់ដូចជាបាយឡុកបាយឡមែន គឺបេក្ខជនប្រឡងចូលបន្ទប់​ដោយ​គ្មានអនុរក្សពិនិត្យមើលមុខ មើលរូបថតសោះ គឺហៅឈ្មោះចូលតែម្តង ហើយការប្រឡងពេលនោះគឺអាចសួរគ្នាបាន មើលគ្នាបានដោយអនុរក្ស​ពុំសូវយកចិត្តទុកដាក់ឡើយ។

ពេលនោះដែរ ខ្ញុំមានមិត្តភក្តិម្នាក់ដែលគាត់មានបងប្រុសធ្វើការនៅក្រសួងនោះ គាត់ព្រមទាំងបងប្អូនបង្កើតរបស់គាត់ម្នាក់ទៀតបានប្រឡងជាប់ នៅពេលនោះ​ (គាត់លួចប្រាប់ខ្ញុំថាបងគាត់ជាអ្នកជួយទើបគាត់...) ចំណែកខ្ញុំគឺដឹងខ្លួនថាពិតជាធ្លាក់តាំងពីប្រឡងចប់មកម្ល៉េះ​ព្រោះដំណើរការ ប្រឡង​ហាក់ដូចជាមិនសុក្រឹតសោះឡើយ គឺប្រឡងបង្រ្គប់កិច្ចប៉ុណ្ណោះ។

ឆ្លងកាត់តាមបទពិសោធន៍នេះមក ឆ្នាំក្រោយៗមកទៀត​ខ្ញុំក៏ឈប់ដាក់ពាក្យប្រឡងចូលក្របខណ្ឌរដ្ឋរហូត​ព្រោះខ្ញុំគិតឃើញដូចគ្រប់គ្នា​ដែល​បាន​លើកឡើងខាងលើអញ្ចឹងដែរ គឺប្រឡងមិនជាប់ឡើយបើគ្មានខ្សែ ឬគ្មានលុយ។

រហូតមកដល់ឆ្នាំ​២០១៤ ខ្ញុំសង្កេតឃើញក្រសួងមួយ(សុំលាក់ឈ្មោះ) ប្រកាសជ្រើសរើសមន្ត្រីរាជការ ដោយមានការចូលរួមអង្កេតការណ៍​ពី​ស្ថាប័ន​អង្គភាព​ប្រឆាំងអំពើពុករលួយ ខ្ញុំក៏គិតឡើងវិញថាលើកនេះទំនងដែរ សាកដាក់ពាក្យប្រឡងម្តងទៀតល៍មើល។


មែនលើកនេះ​នីតិវិធីដាក់ពាក្យប្រឡងគឺមានភាពទាន់សម័យទំនើប ដោយមានការដាក់ពាក្យដោយមិនអស់ប្រាក់ (Free) មានការស្កេនម្រាមដៃ និងថតរូបបេក្ខជនប្រឡង ដែលជាសញ្ញាបង្ហាញថាការប្រឡងនេះគឺមានការយកចិត្តទុកដាក់ខ្ពស់ជាងក្រសួងនានាដែលខ្ញុំធ្លាប់ជួបកន្លងមក។​

ចាប់ពីពេលដាក់ពាក្យរហូតដល់ពេលប្រឡង គឺដំណើរការយ៉ាងល្អ ព្រោះបេក្ខជនត្រូវស្កេនម្រាមដៃទើបអាចចូលប្រឡងបាន ហើយមួយវិញទៀត​នៅតាមតុបេក្ខជនប្រឡងនីមួយៗគឺមានបិទលេខតុ ឈ្មោះ និងរូបថតបេក្ខជនស្រាប់តែម្តង ព្រមទាំងមានមន្ត្រីអង្គភាព​ប្រឆាំងអំពើពុករលួយអង្គុយក្នុងបន្ទប់ជាមួយបេក្ខជនប្រឡងផងដែរ។ ការប្រឡងគឺមានសភាពស្ងាត់ល្អ គ្មាន​ភាពមិនប្រក្រតីណា​កើតឡើងឡើយ គឺដំណើរការ​ដោយរលូន។

ក្រោយប្រឡងចប់ បេក្ខជនទាំងអស់ព្រមទាំងខ្ញុំផងត្រូវរងចាំការប្រកាសលទ្ធផលដោយអន្ទះសារ ជាលទ្ធផលខ្ញុំប្រឡងជាប់មែន ចំណែកឯមិត្តភក្តិខ្ញុំ ៥នាក់ទៀត(រៀនថ្នាក់ជាមួយគ្នានៅសកល) ក៏ពួកគាត់ប្រឡងជាប់ដែរ ហើយខ្ញុំក៏ស្គាល់គេ ច្រើននាក់ទៀត ដែលជាសិស្សឆ្នើមៗ ក៏បានប្រឡងជាប់ជាច្រើននាក់ទៀតក្នុងពេលនោះ។

លើកនេះបង្ហាញឱ្យខ្ញុំដឹងថា ការប្រឡងរបស់ក្រសួងនេះ​គឺជ្រើសរើសអ្នកមានសមត្ថភាពពិតប្រាកដមែន ខុសពីការប្រឡងពីមុនច្រើន ដែលវាបានកែប្រែផ្នត់គំនិតរបស់ខ្ញុំដែលធ្លាប់គិតអវិជ្ជមានពីមុនមក។


ជាចុងក្រោយខ្ញុំសូមជូនយោបល់បន្ថែមសម្រាប់អ្នកចង់ប្រឡងចូលក្របខណ្ឌរដ្ឋ៖
  • សូមដាក់ពាក្យប្រឡងតាមក្រសួងដែលខ្លួនចង់ធ្វើ ដោយខិតខំស្រាវជ្រាវឯកសារប្រឡងឆ្នាំមុនៗយកមកមើល និងរៀនត្រៀមឱ្យបានល្អ
  • ប្រឹងប្រែងបង្កើនសមត្ថភាពខ្លួនឱ្យខ្លាំងឡើងដើម្បីត្រៀមខ្លួនប្រឡង 
  • សាកសួរ ឬសុំយោបល់ពីអ្នកដែលធ្លាប់ប្រឡងក្រសួងជាប់ តើត្រូវត្រៀមអ្វីខ្លះ ធ្វើអ្វីខ្លះដើម្បីប្រឡងជាប់
  • កុំគិតថាមានលុយ មានខ្សែបានប្រឡងជាប់ សំខាន់យើងត្រូវមានសមត្ថភាព
  • ដាក់ពាក្យប្រឡងឱ្យបានច្រើនក្រសួង(លើសពីបីក្រសួង) ជាប់មួយណាយកមួយណឹង ឬបើជាប់ច្រើនក្រសួងក្នុងពេលតែមួយ​ធ្វើការសម្រេចចិត្តខ្លួនឯងថាយកក្រសួងមួយណា
  • តាមដានការប្រកាសជ្រើសរើសមន្ត្រីរាជការរបស់ក្រសួងនានាឱ្យបានល្ អ(គេប្រកាសនៅពេលណា ប្រឡងនៅខែណា...)
ជូនពរឱ្យការប្រឡងចូលក្របខណ្ឌរដ្ឋតាមបណ្តាក្រសួងនានាដែលខ្លួនស្រឡាញ់​ទទួលបានជោគជ័យគ្រប់ៗគ្នា! (ពីមន្រ្តីរាជការម្នាក់)