Wednesday, April 24, 2019

បួនឆ្នាំហើយ​ដែល​​វិញ្ញាសា​សិស្សពូកែទូទាំងប្រទេសមុខវិជ្ជាគណិតវិទ្យា​ថ្នាក់ទី១២ ដកចេញពីសៀវភៅចិនដដែលៗ

 ថ្ងៃនេះ(ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៩) ជាថ្ងៃចុងក្រោយនៃការប្រឡងសិស្សពូកែទូទាំងប្រទេស​សម័យប្រឡង ថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៩ ដែលខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះ។

ឆ្លងកាត់តាមការប្រឡងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា​វិញ្ញាសាសិស្សពូកែលើមុខវិជ្ជា​គណិតវិទ្យា​ថ្នាក់ទិ១២ ចាប់តាំងពីឆ្នាំ​២០១៦ មកដល់​ឆ្នាំ​២០១៩ នេះគឺវិញ្ញាសាត្រូវបានដកចេញពីសៀវភៅដដែលៗ បួនឆ្នាំជាប់គ្នា ដែលសៀវភៅ​នោះមាន​ចំណងជើងថា Mathematical Olympiad in China ដែលជាសៀវភៅដែលសិស្សពូកែទូទាំងប្រទេសមាននៅក្នុងដៃ។


Admin ធ្លាប់សរសេរប្រយោគនេះនៅឆ្នាំ ២០១៧ ដែលមានខ្លឹមសារថា "ពីរឆ្នាំហើយដែលក្រសួងចេញវិញ្ញាសាសិស្សពូកែ ទូទាំងប្រទេសគណិតទី១២ ពីសៀវភៅដដែល អញ្ចឹងសម្រាប់សិស្សដែលត្រៀមប្រឡងសិស្សពូកែទូទាំងប្រទេស​ត្រូវតែមាន​សៀវភៅនេះជាចាំបាច់ "។

ហើយនៅឆ្នាំ​២០១៨ ក៏បានសរសេរប្រយោគថា " បីឆ្នាំហើយដែលក្រសួងដកស្រង់លំហាត់ចេញពីសៀវភៅនេះ សម្រាប់ការប្រឡង​​​សិស្សពូកែ​​ទូទាំងប្រទេស (គណិតទី១២) ២០១៦-២០១៧-២០១៨ ចេញនេះ​​មិនមែនចេញតែវិញ្ញាសាទី១ទេ គឺចេញទាំងវិញ្ញាសាទី១ និងវិញ្ញាសាទី២! សរុប​ទៅលំហាត់ប្រហែល ៧០% ទៅហើយ ដែលដកចេញពីសៀវភៅនេះ! "។

ចំណែកឆ្នាំ​២០១៩ នេះក៏បានសរសរបន្ថែមប្រយោគថា " មិនមែន៣ឆ្នាំ គឺចេញ៤ឆ្នាំជាប់គ្នា! (២០១៦-២០១៩)
សម្រាប់​វិញ្ញាសា​ទី២ គណិតវិទ្យាទី១២ នឹង​ចេញពីសៀវភៅ​នេះដដែល! អ្នកដែលមានសៀវភៅនេះនៅក្នុងដៃ សូមមើលរម្លឹកឡើងវិញឱ្យអស់ ពិសេស​លំហាត់​ដែលមើលទៅទំនងអាចនឹងចេញ(លំហាត់ចេញឆ្នាំមុនៗមិនចេញដដែលទៀតទេ) ឈ្នះចាញ់ ជាប់ឬធ្លាក់គឺអាច​ខុសគ្នាតែ១ពិន្ទុ​ប៉ុណ្ណេាះ! អញ្ចឹងសូមសរសេរឱ្យបានផ្ចិតផ្ចង់សរសេរឱ្យបានល្អ! "។


តើក្រសួងមានបានឃើញពីមតិរិះគន់លើការចេញវិញ្ញាសានេះ៣ឆ្នាំ​កន្លងមកទេ? ហេតុអ្វីក៏នៅតែចេញវិញ្ញាសាពីសៀវភៅដដែលៗ ដែលសិស្សគ្រប់រូបមាននៅក្នុងដៃអញ្ចឹង? ធ្វើដូចម្តេចទើបសិស្សពូកែមានការរីកចម្រើនបន្ថែមទៀត?

តើឆ្នាំ​ក្រោយ (ឆ្នាំ២០២០) នឹងចេញពីសៀវភៅនេះដដែលទៀតឬ?